ជីវប្រវត្តិសម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ)

សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ (ប្រសូត ១១ មីនា ព.ស.​២៤២៧/គ.ស.​១៨៨៣ សុគត ២៥ កញ្ញា ព.ស.​២៥១៣/គ.ស.​១៩៦៩) ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៤ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤៩២ ដល់ ព.ស.​២៥១៣ ក្នុង​រជ្ជ​សម័យ​ព្រះ​បាទ​សម្ដេច​ព្រះនរោត្ដម សីហនុ។

ពត៌មានមួយចំនួន

  • ព្រះ​នាម ៖ ជួន ណាត
  • ព្រះ​នាម​ពេញ ៖ សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ
  • ឋានៈ ៖ សម្ដេច​ព្រះ​សង្ឃ​រាជ
  • ប្រសូត ​៖​ ១១ មីនា ១៨៨៣
  • សុគត ៖ ២៥ កញ្ញា ១៩៦៩
  • បន្ត​ពី ៖ ប្រាក់ ហ៊ិន



រូបភាពសំណាកសម្តេចសង្ឃរាជ ជួន ណាត តំកល់នៅភូមិវប្បធម៌ខេត្តសៀមរាប




ជាតិ​បរិច្ឆេទ (កំណត់​អំពី​ជាតិ)

សម្ដេច​ព្រះសង្ឃរាជ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែ​ផល្គុន ឆ្នាំ​វក ឆ​ស័ក ព.ស.​២៤២៧ គឺ​ថ្ងៃ​ទី​១១ ខែ មីនា គ.ស.​១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​រកា​កោះ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ សម្ដេច​មាន​ព្រះជាតិ​ក្នុង​ត្រកូល​កសិករ ព្រះ​មាតា​នៃ​សម្ដេច​នាម យក់ ព្រះ​បិតា​នាម ព្រហ្ម ជួន។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​នាក់​គឺ អង្គ​សម្ដេច​ព្រះសង្ឃរាជ និង​លោក​ឧកញ៉ា​សោភណ្ឌ​មន្ត្រី ជួន នុត ជា​ព្រះ​អនុជ​នៃ សម្ដេច​ព្រះសង្ឃ​រាជ។

បរិយត្តិ​បរិច្ឆេទ (កំណត់​អំពី​ការ​សិក្សា)

សម្ដេច​ព្រះសង្ឃ​រាជ មាន​សេចក្ដី​ព្យាយាម​ប្រកប​ដោយ​ថាមពល​ដ៏​ក្លៀវក្លា​ក្នុង​ការ​សិក្សា ទាំង​ផ្នែក​ភាសាបាលី ទាំង​ផ្នែក​ភាសា​ឯ​ទៀត​ៗ មាន​ភាសាបារាំង​ជាដើម។ ការ​សិក្សា​របស់​សម្ដេច​ព្រះសង្ឃរាជ មាន​ជោគ​ជ័យ​ប្រសើរ​ណាស់ ឃើញ​មាន​តែ​សម្ដេច​សង្ឃរាជ​ដែល​រៀន​ចម្រើន​លូតលាស់ មាន​ល្បឿន​ឈ្នះ​លោក​ឯ​ទៀត​ៗ។ សម្ដេច​ចាប់​រៀន​ដំបូង​មេសូត្រ ប្រែ​មូលកច្ចាយនៈ និង​គម្ពីរ​ធម្មបទ​អំពី​ព្រះពុទ្ធ​ឃោសាចារ្យ​ព្រះនាម ម៉ា កេត ដែល​ជា​ព្រះ​ឧបជ្ឈាយ៍ នៃ​សម្ដេច​ព្រះសង្ឃរាជ ។

សម្ដេច​ទ្រង់​ទទួល​ការ​សិក្សា​នោះ​គឺ សិក្សា​ដោយ​ឆន្ទៈ​ដ៏​មាន​កម្លាំង​មែន​ទែន ពុំ​មែន​សិក្សា​វិជ្ជា​ណា​មួយ​ដោយ​លេង​ៗ ទេ។ វិជ្ជា​ខាង​ភាសាបាលី ភាសាសំស្ក្រឹត និង​ភាសាបារាំង សុទ្ធ​តែ​វិជ្ជា​ដែល​ប្រដាប់​ដោយ​វេយ្យាករណ៍​ហ្មត់ចត់ ជ្រាលជ្រៅ​លំបាក​រៀន លំបាក​យល់​ជាទី​បំផុត ប៉ុន្តែ​សម្ដេច​អាច​រៀន អាច​យល់​ច្បាស់លាស់ ដោយ​ឆាប់​រហ័ស​គួរ​ឲ្យ​កោត​សរសើរ​ពន់​ពេក​ណាស់។

សម្ដេច​ទ្រង់​ចេះ​ដឹង​យល់​ធ្លុះធ្លាយ​ចំពោះ​វេយ្យាករណ៍​គ្រប់​ភាសា ដែល​សម្ដេច​បាន​រៀន មាន​វេយ្យាករណ៍​បាលីសំស្ក្រឹត​ជាដើម ទាំង​អក្សរសាស្ត្រ​របស់​ជាតិ និង​ពាក្យ​ពេចន៍​ក្នុង​ផ្នែក​វប្បធម៌​បុរាណ​ក៏​សម្ដេច​ចេះ​ចាំ​យល់​ហេតុ​ផល​ជា​ច្រើន​ណាស់។ ភាសាសៀម ភាសាលាវ និង​ភាសាបារាំង ដែល​សម្ដេច​បាន​រៀន អាច​និយាយ​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​សៀម ជាតិ​លាវ និង​ជាតិ​បារាំង​បាន។ សម្ដេច​ឈ្លាសវៃ​ប្រសព្វ​យក​តម្រាប់​តាម​សំឡេង​ភាសា​ជាតិ​ដទៃ​ៗ​ឲ្យ​ស្រដៀង ឬ​ដូច​ភាសា​ជាតិ​ដទៃ​បាន។ ភាសាអង់គ្លេស និង​ភាសា​វៀតណាម ក៏​សម្ដេច​បាន​រៀន អាច​មើល សរសេរ​និយាយ ប្រាស្រ័យ​បាន​ច្រើន​ដែរ។

បេសកកម្ម​បរិច្ឆេទ (កំណត់​អំពី​ការ​ទទួល​បម្រើ​កិច្ចការ)

ព.ស.​២៤៦៣ គ.ស.​១៩១៩ សម្ដេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ កាន់​កិច្ចការ​ផ្ទាល់ លុះ​ត្រា​បាន​ចប់​ចុង​ចប់​ដើម។ ព.ស.​២៤៦៩ គ.ស.​១៩២៥ សម្ដេច​បាន​ធ្វើ​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរាវិរុទ្ធ​នៃ​សៀវភៅ​នានា ដែល​សាលា​បាលី​ជាន់​ខ្ពស់ បោះពុម្ព​ផ្សាយ។ ព.ស.​២៤៧០ គ.ស.​១៩២៦ ត​មក​ជា​ច្រើន​ឆ្នាំ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ជា​មេ​ប្រយោគ ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បឋម​សិក្សា​ខ្មែរ និង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋម​សិក្សា​ជាន់​ខ្ពស់ បារាំង-ខ្មែរ​ នៅ​ក្រុង​ភ្នំពេញ។
ព.ស.​២៤៧១ គ.ស.​១៩២៧ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​ខាង​វចនានុក្រម​ខ្មែរ ហើយ​សម្ដេច​ទ្រង់​បាន​ទទួល​ភារៈ​ធ្វើ​វចនានុក្រម តែ​មួយ​ព្រះអង្គ​ឯង ដរាប​ដល់​បាន​ចប់​សព្វ​គ្រប់ បាន​បោះពុម្ព​ផ្សាយ​ទាំង​ភាគ១​ភាគ​២ បាន​៥​គ្រា​ហើយ។ ព.ស.​២៤៧៩ គ.ស.​១៩៣៥ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បាលី សំស្ក្រឹត ខ្មែរ និង​លាវ ប្រចាំ​ថ្នាក់​ទី​បំផុត​នៃ​មធ្យម​សិក្សា​ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រុង​ភ្នំពេញ។

ឥស្សរិយ​បរិច្ឆេទ (កំណត់​អំពី​ឥស្សរិយយស)

គ្រឿង​ឥស្សរិយយស​ដែល​សម្ដេច​បាន​ទទួល​មាន​ដូច​តទៅ​នេះ គឺ៖
  • មេដាយ​អស្សឫទ្ធិ​មុនីសារភរណ៍ នៅ​ព.ស.​២៤៦១ គ.ស.​១៩១៧។
  • មេដាយ​អស្សឫទ្ធិ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៤៦៧ គ.ស.​១៩៣២។
  • មេដាយ​អស្សឫទ្ធិ​ដំរី​មួយ​លាន និង​ស្វេតច្ឆត្រ ប្រទេស​លាវ នៅ​ព.ស.​២៤៧៦ គ.ស.​១៩៣២។
  • មេដាយ​សេនា​នៃ​បណ្ឌិត​សភា សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៨១ គ.ស.​១៩៣៧។
  • មេដាយ​អស្សឫទ្ធិ​ដឹឡាឡេស្យុង​ដូណ្ណើរ នៃ​សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៨៦ គ.ស.​១៩៤២។
  • មេដាយ​សេនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៤៨៨ គ.ស.​១៩៤៤។
  • មេដាយ​សេនាដឹឡាឡេស្យុង​ដូណ្ណើរ នៃ​សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៩២ គ.ស.​១៩៤៨។
  • មេដាយ​មហា​សិរីវឌ្ឍន៍ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៥០៥ គ.ស.​១៩៦២។
  • មេដាយ​មហា​សិរីវឌ្ឍ​សុវត្ថារា នៅ​ព.ស.​២៥០៦ គ.ស.​១៩៦៣។
  • មេដាយ​ជាតូបការ ដែល​ជា​គ្រឿង​ឥស្សរិយយស​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៥១៣ គ.ស.​១៩៦៩។

ស្នា​ព្រះហស្ត​ខាង​អក្សរសាស្ត្រ​នៃ​សម្ដេចព្រះ​សង្ឃ​រាជ

ព្រះសង្ឃរាជ ​បាន​កសាង​គម្ពីរ​ដីកា​ជា​ច្រើន​ណាស់ ទាំង​គម្ពីរ​ស្លឹករឹត ទាំង​សៀវភៅ​ ជា​ពិសេស គឺ​សៀវភៅ​ដែល​សម្ដេច​ប្រមូល​រៀបរៀង និង​សៀវភៅ​ដែល​ទ្រង់​ប្រែ​ពី​បាលី​មក​ជា​ភាសា​ខ្មែរ សម្រាប់​ពុទ្ធ​បរិស័ទ​រៀន​សូត្រ។ សៀវភៅ​ខ្លះ​ជា​សៀវភៅ​ដែល​កម្រ​នឹង​ធ្វើ​កើត ទាំង​មាន​ប្រយោជន៍​ជា​ច្រើន​ណាស់​គឺ៖
  • វចនានុក្រម​ខ្មែរ មាន​២​ភាគ ក្នុង​ព.ស.​២៤៦១ គ.ស.​១៩១៧ សៀវភៅ​នេះ​បាន​បោះពុម្ព​ច្រើន​គ្រា​មក​ហើយ។
  • កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍​បាលី) មាន​២​ភាគ តាំង​ពី​ព.ស.​២៤៦២ គ.ស.​១៩១៨ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។
  • គហិបដិបត្តិ ក្នុង​ព.ស.​២៤៦៨ គ.ស.​១៩២៦ ជាមួយ​នឹង​ព្រះ​ឧត្ដម​មុនី អ៊ុម ស៊ូ និង​ព្រះ​ពោធិវ័ង្ស ហួត​ តាត តាម​បញ្ជា​នៃ​ព្រះ​តេជ​ព្រះគុណ​ព្រះមហា​វិមលធម្ម ថោង (ពុទ្ធសាសន​បណ្ឌិត្យ)។
  • សាមណេរ​វិន័យ ក្នុង​ព.ស.​២៤៦០ គ.ស.​១៩១៧ ជាមួយ​នឹង​ព្រះថេរៈ​ទាំង​ពីរ​ព្រះអង្គ​ខាង​លើ​នេះ​ដែរ។
  • បាតិមោក្ខ​សំវរ​សង្ខេប (សម្រាយ) ព.ស.​២៤៧០ គ.ស.​១៩២៨ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។ មាន​សៀវភៅ​ឯ​ទៀត​ៗ​ជា​ច្រើន​ដែល​ជា​បន្ទាប់​បន្សំ។
  • កាព្យ​លោក​ធម៌ បោះពុម្ព​ដំបូង​ក្នុង​ព.ស.​២៥០០ គ.ស.​១៩៥៧។ កាព្យ​នេះ​ទ្រង់​តែង​កាល​នៅ​ជា​ព្រះ​គ្រូសង្ឃសត្ថា។
  • នាគោបមាទិកថា ព.ស.​២៤៧៥ គ.ស.​១៩៣៣។
  • ព.ស.​២៤៨៤ គ.ស.​១៩៤១ សម្ដេច​បាន​តែង​សុភមង្គល​គាថា​បាលី​បឋ្យាវត្ត​៧​គាថា ព្រម​ទាំង​ប្រែ​ជា​សម្រាយ​ផង សម្រាប់​សូត្រ​ថ្វាយ​សុភមង្គល​សួស្ដី​ចំពោះ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ​វរ្ម័ន។
  • បព្វជ្ជាខន្ធកៈ​ពិស្ដារ។
  • ចីវរក្ខន្ធៈ​ពិស្ដារ។


No comments

Theme images by Jason Morrow. Powered by Blogger.